កិច្ចប្រជុំពិគ្រោះយោបល់ជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារចក្ខុវិស័យ និងគោលនយោបាយអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៨ នៅទីស្តីការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដើម្បីពិភាក្សាលើសេចក្តីព្រាងឯកសារចក្ខុវិស័យ និងគោលនយោបាយអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមកិច្ចសហការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) ទទួលបន្ទុកជាប្រធានក្រុមការងារដឹកនាំរៀបចំឯកសារគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ដោយមានការចូលរួមពីសំណាក់ក្រុមការងារ សសយក និងសមាជិក, ទីប្រឹក្សា, អគ្គលេខាធិការរង និង មន្រ្ដីជំនាញពាក់ព័ន្ធ នៃ កបស ។
កិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងប្រមូលធាតុចូលចាំបាច់, គន្លឹះៗ និងថ្មីៗបន្ថែម ដើម្បីឱ្យសេចក្តីព្រាងឯកសារចក្ខុវិស័យ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមការកំណត់មាគ៌ាដឹកនាំ និងមាគ៌ាអភិវឌ្ឍជាតិមួយរបស់កម្ពុជា ដែលគ្រប់គ្រងបាននូវការរំពឹងទុកប្រកបដោយភាពប្រាកដនិយម និងសុទិដ្ឋិនិយម ព្រមទាំងធានាបាននូវសុខដុមនីយកម្ម និងចីរភាពនៃកិច្ចដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការរៀបចំឱ្យមាននូវចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងអំពី បំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងមូល , លើកកម្ពស់ប្រជាធិបតេយ្យប្រជាជន និង កសាងស្ថាប័នជាតិរឹងមាំ ដើម្បីដឹកនាំនាវាកម្ពុជាឆ្លងកាត់ឧបសគ្គ និងជម្នះបានបញ្ហាប្រឈមគ្រប់បែបយ៉ាង រហូតសម្រេចបាននូវចក្ខុវិស័យ និងបំណងប្រាថ្នា ប្រកបដោយមហិច្ចតា ពោលគឺ ក្តាប់យកមកវិញមោទន-ភាពជាតិ កសាងប្រជាជាតិដ៏រស់រវើក ឈានឆ្ពោះទៅរកអនាគតដ៏រុងរឿង, ភ្លឺស្វាង និង ត្រចះត្រចង់។