ការរៀបចំការពិនិត្យព្យាបាលជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ក្រោមកិច្ចសហការ និងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល មានរៀបចំការពិនិត្យព្យាបាលជំងឺកុមារ និងស្ត្រីមានផ្ទៃពោះ ក្រោមកិច្ចសហការ និងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបង្កលក្ខណៈងាយស្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២០ រូប ដឹកនាំដោយលោកស្រី Julie Rhodes, MSN, RN មកពីសាកលវិទ្យាល័យ Weber State University នៃសហរដ្ឋអាមេរិក និងដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល អមដោយក្រុមការងារ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង និងសហការីផងដែរ។ ការចុះពិនិត្យព្យាបាលលើកនេះ ក្រុមគ្រូពេទ្យបាននាំមកនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើបថ្មីៗបន្ថែមទៀត ដើម្បីធ្វើការបង្ហាត់បង្ហាញនិងបង្រៀនបុគ្គលិកពេទ្យបង្អែក ជាពិសេសពេទ្យឆ្មប ឱ្យបានយល់អំពីការមើលថែទាំសុខភាពមាតានិងទារក ទាំងមុននិងក្រោយពេលសម្រាល ជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកសុខភាពប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយប្តេជ្ញាចិត្តបន្តទៀត ក្នុងការកែលម្អជីវភាពប្រជាជន ឱ្យបានកាន់តែប្រសើរ និងការធានាឱ្យសម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច ជាពិសេស វិស័យសុខាភិបាល ក្នុងគោលដៅធានាបង្កើនវិសាលភាព ប្រសិទ្ធភាព នៃសេវាសុខាភិបាលសាធារណៈ ឱ្យកាន់តែប្រសើរឡើងគួរជាទីទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធសុខាភិបាល កាន់តែស៊ីជម្រៅបន្ថែមទៀត។