ការចុះពិនិត្យព្យាបាលសុខភាព និងផ្តល់ថ្នាំ វែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកតាមាក់
ភូមិកំពង់ដំរី ឃុំព្រែកតាមាក់, ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨
អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ បានសហការជាមួយអង្គការគាំពារអន្តរជាតិនៃសហរដ្ឋអាមេរិក (USACMI) ដើម្បីចុះធ្វើការពិនិត្យព្យាបាលសុខភាព និងផ្តល់ថ្នាំ វែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកតាមាក់។ ការពិនិត្យព្យាបាលនេះ មានរយៈពេលពេញមួយថ្ងៃ ដោយទទួលពិនិត្យព្យាបាលប្រជាពលរដ្ឋសរុបចំនួន ៥០០ នាក់ ដោយក្រុមគ្រូពេទ្យប្រកបដោយជំនាញមកពីបណ្តាប្រទេសមួយចំនួនដូចជា អាមេរិក តៃវ៉ាន់ កាណាដា ហុងកុង ហើយធ្វើការពិនិត្យព្យាបាលទៅតាមផ្នែករួមមាន ផ្នែកកុមារ ផ្នែកធ្មេញ ផ្នែកសរសៃ និងជំងឺទូទៅ ជាដើម។ នេះគឺជាឱកាសលើកទី២ហើយ បន្ទាប់ពីអង្គការនេះ ធ្លាប់បានសហការជាមួយក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ ក្នុងការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកតាមាក់ ប្រមាណជា ១០០០ នាក់ កាលពីឆ្នាំ២០១៦ កន្លងទៅ ហើយនឹងប្តេជ្ញាចិត្តបន្តសហការគ្នានៅឆ្នាំក្រោយៗទៀត។