ពិធីប្រគល់-ទទួលសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមក្នុង “ពិធីប្រគល់-ទទួលសៀវភៅ និងឯកសារនានារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ដោយមានការចូលរួមពី បណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន និងវិទ្យាស្ថាន ព្រមទាំងគណៈគ្រប់គ្រងសាលា បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យផងដែរ។ ពិធីនេះ មានគោលបំណងចែករំលែកនូវ សៀវភៅ គោលនយោបាយ បទប្បញ្ញត្តិគតិយុត្ត និងឯកសារនានា ដែលពាក់ព័ន្ធវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជា សម្រាប់តំកល់ក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានបង្កើនចំណេះដឹង និងបំពេញសេចក្តីត្រូវការសិក្សាស្រាវជ្រាវដល់សិស្ស-និស្សិត សាស្ត្រាចារ្យ និង សាធារណជន ឆ្លើយតបទៅតាមសំណើរបស់សាកលវិទ្យាល័យ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យសិក្សាធិការ បណ្តុះគំនិត និងពង្រឹងវប្បធម៌នៃការអានដល់បញ្ញវន្តទូទៅផងដែរ។សកម្មភាពនេះ បានឆ្លុះបញ្ចាំងជាតឹកតាងអំពីស្នាដៃ សមិទ្ធផល សៀវភៅ ព្រឹត្តប័ត្រ ឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗ ដែលក្រសួងបានខិតខំរៀបចំតាក់តែង ចងក្រង និងបោះពុម្ពផ្សាយ តាមរយៈការប្រមូលធាតុចូលល្អៗ ប្រកបដោយនវានុវត្តន៍ ទាំងក្នុងប្រទេស និងអន្តរជាតិ និងគួរត្រូវបានរក្សាទុកជាកំណត់ត្រា សម្រាប់ជាកេរដំណែល និងផ្ទេរបន្តនូវមេរៀន បទពិសោធន៍ និងជំនាញវិជ្ជាជីវៈ ដល់យុវជនជំនាន់ក្រោយ។