កិច្ចប្រជុំពិភាក្សាអំពីការគ្រោង ការទូទាត់ និងការកត់ត្រាចំណាយជំពូក៦៥ “ឧបត្ថម្ភធន” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយអង្គភាពថវិកាចំនួន ០៧ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាអំពីការគ្រោង ការទូទាត់ និងការកត់ត្រាចំណាយជំពូក៦៥ “ឧបត្ថម្ភធន”។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា សម្រួល និងស្វែងរកដំណោះស្រាយបញ្ហាទាក់ទិននឹងការអនុវត្តថវិកា ក្នុងឆ្នាំ២០១៧ ក៏ដូចជាឆ្នាំបន្តបន្ទាប់ទៀត ក្រោយពីអង្គភាពថវិកាពាក់ព័ន្ធបានជួបប្រទះបញ្ហាប្រឈមក្នុងការកត់ត្រាចំណាយជំពូក៦៥ ដែលមានគ្រោងក្នុងឥណទានថវិកាកម្មវិធីរបស់ខ្លួន ដោយសារនៅមានភាពមិនទាន់ច្បាស់លាស់នូវគោលការណ៍និងនីតិវិធីមួយចំនួនបន្ទាប់ពីបានពិនិត្យនិងវាយតម្លៃលើការអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ២០១៧ នាពេលកន្លងទៅ។