ទស្សនកិច្ចសិក្សាប្លាស់ប្តូរបទពិសោធន៍ពីការដាក់អោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ក្នុងគោលបំណងសិក្សាស៊ីជម្រៅ និង ដើម្បីដកស្រងបទពិសោធន៍ពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈហៅកាត់ថា “ប្រព័ន្ធ FMIS” របស់កម្ពុជា គណៈប្រតិភូឡាវមួយក្រុមដឹកនាំដោយឯកឧត្តមបណ្ឌិត Atsphangthong SIPHANDONE អនុរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុឡាវ បានមកបំពេញទស្សនកិច្ចសិក្សាផ្លូវរដ្ឋរយៈពេលបីថ្ងៃ ចាប់ថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៧ ។ ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីកម្ពុជាបានដាក់ឱ្យអនុវត្ត គម្រោង FMIS ដោយជោគជ័យក្នុងជំហានទី ១ និង បានកំពុងបន្តចូលក្នុងជំហានទី ២ ដែលបានចាប់ផ្តើកាលពីដើមឆ្នាំ ២០១៧ នេះ។
ថ្ងៃទី ២៣ វេលាម៉ោង ៩:១៥ នាទីព្រឹក ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួបសំដែងការស្វាគមន៍ និង ពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូឡាវ នៅទីស្តីការក្រសួង ។ ក្នុងពិធីពិភាក្សាការងារនេះក៏មានវត្តមានរបស់ឯកឧត្តម George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា ។