ប្រជុំពិភាក្សាកិច្ចការផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន លើការត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការអនុវត្តប្រចាំខែកក្កដាឆ្នាំ២០១៧
នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់ ព្រមទាំងគិតគូរវិធានការដោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទអគ្គលេខាធិការដ្ឋាន ប្រចាំខែកក្កដា ឆ្នាំ២០១៧។ ជាលទ្ធផល កិច្ចប្រជុំបានដំណើរការយ៉ាងរលូន និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ដោយបានដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលនាយកដ្ឋាននីមួយៗ បានជួបប្រទះក្នុងការអនុវត្តការងារក្នុងខែកន្លងមក ព្រមទាំងបានកំណត់ពីយន្តការជំរុញការងារចំពោះមុខមួយចំនួនទៀត។ លើសពីនេះទៅទៀត ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍តម្រង់ទិស និងដាក់ចេញនូវយន្តការការងារ សម្រាប់នាយកដ្ឋាននីមួយៗ អនុវត្តក្នុងខែបន្តបន្ទាប់ទៀត សំដៅធ្វើយ៉ាងណាឱ្យភារកិច្ចស្នូលរបស់អគ្គលេខាធិការដ្ឋាន អាចប្រព្រឹត្តទៅកាន់តែរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្ដល់អនុសាសន៍ដល់សហការីទាំងអស់ ឱ្យបន្តសហការ និងរួមសាមគ្គីគ្នាឱ្យបានល្អ ដើម្បីពូតដៃគ្នាធ្វើកិច្ចការបម្រើក្រសួង ឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី។