កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួង ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានថវិកា លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យលើការរៀបចំផែនការគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០១៨ ដែលអង្គភាពនីមួយៗ បានគ្រោងមក ជាពិសេសការបំពេញតារាងឧបសម្ព័ន្ធ តាមចំណាត់ថ្នាក់កម្មវិធី និងមាតិកាសេដ្ឋកិច្ច និងការគ្រោងចំណាយលើបន្ទុកបុគ្គលិក (ជំពូក៦៤) ក្នុងគោលដៅធ្វើយ៉ាងណាឱ្យការរៀបចំថវិកាឆ្នាំ២០១៨ កាន់តែមានប្រសិទ្ធភាព និងសុក្រឹត្យភាពថែមទៀត។