សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និង ការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត”
នាព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និង ការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។សិក្ខាសាលា មានបំណងសំខាន់ៗ ចំនួន ០៣ គឺ៖
១) ការស្តាប់វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា របស់រតនាគាររាជធានី-ខេត្ត ដែលបានផ្លាស់ប្តូរបរិបទពីការអនុវត្តការងារដោយដៃ ឬ ក្រដាស មកប្រើប្រាស់ប្រព័ន្ធទំនើបកម្មដែលប្រើប្រាស់ដោយប្រព័ន្ធកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន បានជោគជ័យ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល ព្រមទាំងទិសដៅបន្តក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS កាន់តែមានប្រសិទ្ធភាព
២) ការបញ្រ្ជាបព័ត៌មានអំពីប្រព័ន្ធ FMIS និង ការចែករំលែកនូវបទពិសោធន៍របស់រតនាគាររាជធានី-ខេត្ត ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានជ្រាបច្បាស់អំពីផែនការ ដើម្បីត្រៀមខ្លួនជាស្រេច ក្នុងការសហការជាមួយក្រុមការងារ នាពេលអនាគតដ៏ខ្លីខាងមុខ។
៣) ការបំផុសឱ្យមានការពិភាក្សាស៊ីជម្រៅលើមុខងារ ភារកិច្ច និង ការទទួលខុសត្រូវ ដែលមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងត្រូវអនុវត្តនៅពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសការបន្ស៊ីមុខងារគ្នារវាងរតនាគារ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាការគិតគូរអំពីបញ្ហាប្រឈម និង សំណូមពរនានា ដើម្បីជាធាតុចូលចាំបាច់សម្រាប់ក្រុមការងារ យកមកគិតគូរ និង វិភាគឱ្យកាន់តែច្បាស់លាស់ ក្នុងការត្រៀមរៀបចំសកម្មភាព, ក្រុមអនុវត្តតាមផ្នែកនីមួយៗ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឱ្យបានសមស្រប។
នៅក្នុងសិក្ខាសាលានាព្រឹកនេះផងដែរ ក៏មានការផ្តល់ជូននូវប័ណ្ណសរសើរ និង រង្វាន់លើកទឹកចិត្ត ចំពោះរតនាគារខេត្តចំនួន ៤ ដែលត្រូវបានទទួលការវាយតម្លៃថា បានអនុវត្តប្រព័ន្ធ FMIS ដោយទទួលបានសមិទ្ធផលការងារល្អប្រសើរជាងគេ ក្នុងចំណោមរតនាគាររាជធានី-ខេត្តទាំង ២៥ ផងដែរ។