ពិធីវាយគង ទូងស្គរ ដើម្បីចូលរួមអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ដែល “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៃអង្គការ UNESCO
នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ វេលាម៉ោង ១០ : ០០ នាទីព្រឹក នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួង បានរៀបចំពិធីវាយគង ទូងស្គរ ដើម្បីចូលរួមអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ដែល “តំបន់ប្រាសាទសំបូរព្រៃគុក” ត្រូវបានគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នៃអង្គការ UNESCO សម្រេចចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មីមួយទៀតនេះរបស់កម្ពុជា និងមានការចូលរួមយ៉ាងច្រើនកុះករ ក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយរបស់មន្ត្រីរាជការក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ ចំពោះកិត្តិនាមល្បីល្បាយបន្ថែមទៀតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។