កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងការអនុវត្តការងារលើកទឹកចិត្តប្រចាំឆ្នាំ២០១៦ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំ ក្រុមការងារ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងការអនុវត្តការងារលើកទឹកចិត្តប្រចាំឆ្នាំ២០១៦ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពថវិកាទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ រៀបចំឡើង ក្រោយពីក្រុមការងារបានបូកសរុបរួចរាល់នូវរបាយការណ៍ស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តថវិកាកម្មវិធី និងរបាយការណ៍ស្ដីពីការត្រួតពិនិត្យនិងវាយតម្លៃការងារលើកទឹកចិត្តប្រចាំឆ្នាំ២០១៦ ដែលមានលក្ខណៈកាន់តែលម្អិត ច្បាស់លាស់ និង មានភាពល្អប្រសើរជាងឆ្នាំមុនៗ។ ទន្ទឹមនេះ កិច្ចប្រជុំនេះមានគោលបំណងបង្កើនប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងតម្លាភាព នៃការអនុវត្តថវិកាកម្មវិធី និងការងារលើកទឹកចិត្តរបស់ក្រសួងឱ្យកាន់សុក្រឹត ក៏ដូចជាដើម្បីជម្រុញឱ្យការងារបូកសរុបរបាយការណ៍នៃការអនុវត្តថវិកា និងការងារលើកទឹកចិត្តរបស់ក្រសួងនៅឆ្នាំខាងមុខទៀត កាន់តែមានភាពច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ដោយផ្អែកលើសមិទ្ធកម្មការងារ ដែលអង្គភាពនីមួយៗ សម្រេចបានជាក់ស្ដែង។