ប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអនុវត្តប្រចាំខែមីនា ឆ្នាំ២០១៧
នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា របស់គ្រប់នាយកដ្ឋានក្រោមឱវាទ ប្រចាំខែមីនា ឆ្នាំ២០១៧។ ជាលទ្ធផល កិច្ចប្រជុំសម្រេចបានតាមការគ្រោងទុក ដោយដោះស្រាយបាននូវបញ្ហាចំពោះមុខដែលនាយកដ្ឋាននីមួយៗ បានលើកឡើង ព្រមទាំងបានកំណត់យន្តការជំរុញការងារមួយចំនួន កុំឱ្យរាំងស្ទះតទៅទៀត។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានផ្តល់អនុសាសន៍តម្រង់ទិសដៅអនុវត្តការងារ ឱ្យសម្រេចបានតាមផែនការ ថែមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បន្តយកចិត្តទុកដាក់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមអភិក្រមការងាររបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ជាពិសេសការអនុវត្តការងារ ប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្ម តាមរយៈការបន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងរក្សាសាមគ្គីភាពផ្ទៃក្នុងរវាងអន្តរនាយកដ្ឋាននៃអគ្គលេខាធិការដ្ឋាន ក៏ដូចជាជាមួយនឹងអង្គភាពពាក់ព័ន្ធដទៃទៀត។