កិច្ចប្រជុំផ្សព្ធផ្សាុយសារាចរណែនាំលេខ ០១២សហវ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយកាណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិការថ្នាក់ជាតិឆ្នាំ២០១៦
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងនាមជាប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អមដោយសហការី នៃក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ ជាមួយគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សា លើរបៀបវារៈសំខាន់ៗ ចំនួន ០៣ រួមមាន៖
១. ផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ. ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០១៦
២. របាយការណ៍ស្តីពីការអនុវត្តថវិកាកម្មវិធី រយៈពេល ០៩ ខែ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៣. ផ្សេងៗ។
ជារួម កិច្ចប្រជុំនេះ មានគោលបំណងធ្វើការណែនាំអំពីនីតិវិធីបច្ចេកទេស ដើម្បីធានាឱ្យការបិទបញ្ជីចំណូល-ចំណាយថវិកា និងការរៀបចំរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០១៦ និងការងារត្រូវបំពេញ នៅឆ្នាំ២០១៧ ប្រព្រឹត្តទៅបានដោយរលូន ត្រឹមត្រូវ និងទាន់ពេលវេលា ដោយសារការិយបរិច្ឆេទនៃឆ្នាំថវិកា ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។ ទន្ទឹមនេះ ប្រាក់ចំណូលទាំងអស់ ត្រូវតែប្រមូលបង់ចូលថវិកាជាតិ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ជាកំហិត។ ចំណែក រាល់ការសន្យាចំណាយក្រៅពីចំណាយបៀវត្ស និងចំណាយសម្រាប់គោលនយោបាយសង្គមកិច្ច មិនអាចអនុវត្តក្រោយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦បានទេ លើកលែងតែមុខចំណាយទាំងឡាយណា ដែលមានការប្រញាប់ និងការចាំបាច់បំផុត មិនអាចខកខានបាន និងត្រូវតែមានឥណទានថវិកានៅសល់ទំនេរគ្រប់គ្រាន់ ដោយមានសេចក្តីបញ្ជាក់សមស្រប និងទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែក៏មិនឱ្យលើសពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែរ។