ការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ ផ្អែកលើទិន្នន័យ ៦ ខែដើមឆ្នាំ
សេដ្ឋកិច្ចកម្ពុជាបន្តមានភាពរឹងមាំ ហើយកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបន្តមានអត្រាខ្ពស់ក្នុង រយៈពេលមធ្យមខាងមុខ។ ក្នុងឆ្នាំ ២០១៥ បើទោះជាជួបប្រទះនូវកត្តាហានិភ័យខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកមួយយចំនួនក្តី ក៏កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងអត្រា ៧% ដោយសារកំណើនដ៏ខ្ពស់នៃវិស័យឧស្សាហកម្ម ដែលជួយបំពេញបន្ថែមដល់ការថមថយកំណើននៃ វិស័យកសិកម្ម និងសេវាកម្ម។ យោងតាមទិន្នន័យស្ថិតិផ្លូវការក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៦ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានកំណើនក្នុងរង្វង់ ៧%។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១១,៤% និងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយ ដែលវិស័យនេះនៅតែបន្តដឹកមុខដោយវិស័យកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។ វិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន ៦,៧% ដោយសារការបន្តថមថយនៃ វិស័យទេសចរណ៍, និងវិស័យអចលនទ្រព្យ និងជំនួញ ខណៈដែលវិស័យកសិកម្មអាចនឹងមានកំណើនល្អជាងឆ្នាំ ២០១៥ បន្តិច ពោលគឺក្នុងអត្រា ០,៥% ដោយសារតែកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។
ក្នុងឆ្នាំ ២០១៦ នេះ ផសស ថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១៩.៨៤៣ លានដុល្លារ អាមេរិក ដែលធ្វើឱ្យ ផសស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១.៣០០ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជាអាចរក្សាបាននូវអតិផរណាដែលស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ដោយអតិផរណាជាមធ្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ២,៨ ភាគរយក្នុងឆ្នាំ ២០១៦ ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាព ជាមួយនឹងការរំពឹងទុកថា ប្រាក់រៀល នឹងនៅបន្តរក្សាបាននូវតម្លៃ ប្រមាណ ៤.០៥០ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦។