ពិធីប្រគល់-ទទួលអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ២៥០ដើម និងកូនឈើចំនួន ២០០០ដើម របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្ដាល
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកតាមាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល កៀនស្វាយ និងល្វាឯម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ២៥០ដើម និងកូនឈើចំនួន ២០០០ដើម របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជូនដល់រដ្ឋបាលស្រុកខ្សាច់កណ្ដាល សម្រាប់ប្រើប្រាស់បម្រើឱ្យប្រយោជន៍សាធារណៈ និងបរិស្ថាននៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោកអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងសហការី ព្រមទាំងក្រុមប្រឹក្សាឃុំព្រែកតាមាក់, លោកស្រី អាន អូលីវីយែ នាយកគ្រប់គ្រងកិច្ចការសហគ្រាស នៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និងក្រុមការងារ និងឯកឧត្តម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកតាមាក់។ គួរបញ្ជាក់ផងដែរថា ជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមូលដ្ឋានផ្ទាល់ ក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងនៅលើពិភពលោក ដែលជាបញ្ហាដ៏សំខាន់ទាមទារការយកចិត្តទុកដាក់ដោះស្រាយពីតួអង្គពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងផ្នែកឯកជន។ នាចុងបញ្ចប់នៃពិធីក៏មានការអញ្ជើញដាំដើមឈើជុំគ្នាជានិមិត្តរូបផងដែរ។