Comment are off
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ. ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១
នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ. ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន កសហវ ក្នុងនាមអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកានៃអង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. ជំរុញ និងធានាបាននូវការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឱ្យបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់
២. ពង្រឹង និងបង្កើតឱកាសពិភាក្សាបន្ថែម សំដៅជំរុញការអនុវត្តចំណូល-ចំណាយថវិកា ឆ្នាំ២០២១ ដល់អង្គភាពថវិកា នៃ កសហវ ជាពិសេសក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវទទួលរងវិចារណកម្មថវិកា
៣. បង្កើនគណនេយ្យភាព និងការទទួលខុសត្រូវលើការអនុវត្តថវិការបស់អង្គភាពថវិកាជាប្រចាំ និងការតាមដាន ព្រមទាំងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមការិយបរិច្ឆេទកំណត់ដោយបទដ្ឋានគតិយុត្ត
៤. បទបង្ហាញអំពីតួលេខបឋមនៃការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២១ របស់ កសហវ រយៈពេល ៩ខែ ដើមឆ្នាំ២០២១ ដើម្បីជាព័ត៌មានបឋមដល់អង្គភាពថវិកា ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ផ្លូវការ) បញ្ជូនមកអគ្គលេខាធិការដ្ឋានបូកសរុប ព្រមទាំងគោរពជូនយោបល់ និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ
៥. ផ្សព្វផ្សាយពីសារាចរណែនាំលេខ ០១០ សហវ. ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១
បន្ទាប់ពីបទបង្ហាញ និងកិច្ចពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំដល់គ្រប់អង្គភាពថវិកា ឱ្យយកចិត្តទុកដាក់អនុវត្តសារាចរណែនាំខាងលើ និងត្រូវពិនិត្យស្ថានភាពចំណាយរបស់សាមីអង្គភាព ប្រសិនបើមានតម្រូវការជំនួយបច្ចេកទេសផ្សេងៗ ត្រូវស្នើសុំមកអគ្គលេខាធិការដ្ឋាន កសហវ សម្របសម្រួលជូន ក្នុងគោលដៅជំរុញការអនុវត្តថវិកាចុងឆ្នាំគាំទ្រឱ្យការអនុវត្តការងារជំនាញរបស់គ្រប់អង្គភាពថវិកា អាចប្រព្រឹត្តទៅរលូន និងមានប្រសិទ្ធភាព ៕