កិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសហការីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល នៃការចរចាថវិកាសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីរាយការណ៍ពីលទ្ធផលនៃការចរចាគម្រោងថវិកាឆ្នាំ២០២២ ជាមួយគ្រប់ក្រសួង-ស្ថាប័ន និងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីលើមុខសញ្ញាចំណូល-ចំណាយមួយចំនួន ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ទទួលបានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណភាព និងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។