កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២១
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ហ.ស. ព្រមទាំងសហការីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន កសហវ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ សហវ រាជធានី-ខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២១ ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាព និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី៣ បូក២ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។