កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គាធិការ, នាយកវិទ្យាស្ថាន, អគ្គនាយករង និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកអនុគណៈកម្មការចំពោះកិច្ច ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាព នៃដំណើការរៀបចំចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យក្រុមការងារ ជាពិសេសប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ឱ្យខិតខំកៀរគរ និង ជំរុញលើកទឹកចិត្តបុគ្គលិកមន្ត្រីរាជការក្រោមឱវាទចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំក្រុមការងារឱ្យត្រៀមរៀបចំសម្រង់ស្ថិតិអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ដើម្បីគោរពរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចដំណើរការចាក់វ៉ាក់សាំងបានបញ្ចប់ជាស្ថាពរ ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិនិត្យពិភាក្សាលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារនេះ ព្រមទាំងវិធានការដោះស្រាយពាក់ព័ន្ធ សំដៅធានាកិច្ចដំណើរការចាក់វ៉ាក់សាំងនេះឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និង មានប្រសិទ្ធភាព ៕