យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី១
នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ស្របតាមការរៀបចំកម្មវិធីរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថ្ងៃទី០១ ជូនដល់បុគ្គលិកមន្ត្រីរាជការ នៃគ្រប់អង្គភាពថ្នាក់កណ្ដាលក្រោមឱវាទក្រសួង ដែលយុទ្ធនាការនេះ មានរយៈពេល ១០ ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានកិច្ចសហការគាំទ្រពីក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្រស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លើផ្នែកបច្ចេកទេស សម្ភារបរិក្ខារ និងក្រុមគ្រូពេទ្យជំនាញ។សូមបញ្ជាក់ជូនបន្ថែមផងដែរថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតដល់ចប់យុទ្ធនាការរយៈពេល ១០ ថ្ងៃ សំដៅធានាធ្វើយ៉ាងណាឱ្យគ្រប់បុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានស្ម័គ្រចិត្ត សុទ្ធតែទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ៗគ្នា។