កិច្ចប្រជុំពិនិត្យលើលទ្ធផល នៃការវាយតម្លៃការដេញថ្លៃកញ្ចប់លទ្ធកម្មទី៥-អាជ្ញាបណ្ណនិងសេវាថែទាំនិងគាំទ្រកម្មវិធី និង ឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS និង កញ្ចប់លទ្ធកម្មទី៦-សេវាប្រឹក្សាការស្នើសុំវិញ្ញាបនបត្រ ISO/IEC 27001/2013 សម្រាប់ Data Center FMIS
នាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការត្រួតពិនិត្យការវាយតម្លៃឯកសារដេញថ្លៃ បានធ្វើការដឹកនាំការងារពិនិត្យលើលទ្ធផល នៃការវាយតម្លៃការដេញថ្លៃកញ្ចប់លទ្ធកម្មទី៥-អាជ្ញាបណ្ណនិងសេវាថែទាំនិងគាំទ្រកម្មវិធី និង ឧបករណ៍បច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS និង កញ្ចប់លទ្ធកម្មទី៦-សេវាប្រឹក្សាការស្នើសុំវិញ្ញាបនបត្រ ISO/IEC 27001/2013 សម្រាប់ Data Center FMIS ដោយមានការចូលរួមពីសមាជិកគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃគម្រោង FMIS និង តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ ទោះបីជាយើងកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ក៏គណៈកម្មការទាំងពីរប្តេជ្ញាចិត្តត្រូវតែសម្រេចកិច្ចការងារនេះឱ្យបានតាមផែនការ ព្រោះការងារនេះមានសំខាន់សម្រាប់ធានាបាននូវដំណើរការជាប្រក្រតីនៃប្រព័ន្ធ និង ការពង្រឹងសុវត្ថិភាពរបស់ប្រព័ន្ធ ដែលកំពុងត្រូវការកាន់តែខ្លាំងឡើងនៅក្នុងស្ថានភាពជម្ងឺកូវីដ-១៩ ដែលតម្រូវឱ្យអ្នកប្រើប្រាស់កាន់តែត្រូវការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការធានាប្រក្រតីភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តថវិកា ។ ជាមួយគ្នានេះ ការទទួលបានវិញ្ញាបនបត្រ ISO 27001 គឺមានសារសំខាន់បំផុតក្នុងការធានាបាននូវជំនឿចិត្តរបស់ប្រព័ន្ធ FMIS ពីគ្រប់ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាទាំងអស់ ដើម្បីត្រៀមរួចជាស្រេចសម្រាប់ការប្រើប្រាស់ប្រព័ន្ធទាំងស្រុង ដោយពុំមានការអនុវត្តតាមក្រដាសស្នាម និង ការពង្រីកវិសាលភាពរបស់ប្រព័ន្ធទៅកាន់ការដ្ឋានជាច្រើនទៀត ជាពិសេសនៅរដ្ឋបាល និង អង្គភាពថ្នាក់ក្រោមជាតិ ៕