កិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”
នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “សេចក្ដីព្រាងច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា” ក្រោមការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ជាពិសេសប្រមូលធាតុចូល និងសំណើសំខាន់ៗ របស់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីត្រៀមរៀបចំឯកសារគតិយុត្ត យន្តការ និងនីតិវិធី នៃការអនុវត្តផ្សេងៗ បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មីត្រូវបានចូលជាធរមាន ក្នុងស្មារតីរួមចំណែកដល់ការកសាងបរិយាកាសវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ ៕