កិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥
នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS សំដៅធានាការអនុវត្តការងារដេញថ្លៃនេះ មានភាពប្រកួតប្រជែងដោយសេរី និង បើកចំហ, មានតម្លាភាព និង យុត្តិធម៌ ដោយអនុលោមតាមនីតិវិធី និង បទប្បញ្ញត្តិជាធរមាន ។ អង្គប្រជុំបានពិនិត្យពិភាក្សា និង សម្រេចរួមគ្នាទៅលើការកំណត់លក្ខខណ្ឌសំខាន់ៗនៃឯកសារដេញថ្លៃ និង បានសម្រេចប្រើប្រាស់វិធីសាស្ត្រដេញថ្លៃប្រកួតប្រជែងក្នុងស្រុក (NCB – National Competitive Bid) លើទំនិញ និង សេវាកម្ម ដែលមានកញ្ចប់លទ្ធកម្មសរុបចំនួន ៤កញ្ចប់ រួមមាន៖កញ្ចប់ទី១. មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព (SOC – Security Operation Center) ដែលគ្រោងសម្រាប់ការងាររយៈពេល ៣ឆ្នាំ (២០២១-២០២៣)កញ្ចប់ទី២. ឧបករណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ (End Users’ Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥)កញ្ចប់ទី៣. ឧបករណ៍តភ្ជាប់បណ្តាញ (WAN/LAN Equipment) ដែលគ្រោងសម្រាប់ការងាររយៈពេល ៥ឆ្នាំ (២០២១-២០២៥)កញ្ចប់ទី៤. ពង្រីកសមត្ថភាព និង ទំនើបកម្ម មជ្ឈមណ្ឌលទិន្នន័យ FMIS សម្រាប់ជំហានទី៣ ដែលគ្រោងសម្រាប់ការងាររយៈពេល ២ឆ្នាំ (២០២១-២០២២) ។