កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អង្គភាពថវិកា និង មន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញនិងធានាការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឱ្យបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់, ពង្រឹងនិងណែនាំបន្ថែមអំពីវិធានការចាំបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកា ប្រចាំឆ្នាំ២០២១ សំដៅបង្កើនគណនេយ្យភាព និង ការទទួលខុសត្រូវខ្ពស់ លើការអនុវត្តថវិការបស់អង្គភាពថវិកាជាប្រចាំ និង ការតាមដាន ព្រមទាំងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍សមិទ្ធកម្មនានា តាមការិយបរិច្ឆេទនីមួយៗ ៕