កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥
នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និង គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ ដើម្បីពិនិត្យពិភាក្សាលើការរៀបចំការដេញថ្លៃ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ សម្ភារ និង សេវាបច្ចេកវិទ្យាព័ត៌មាន ក្នុងការអនុវត្តគម្រោង FMIS ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព, តម្លាភាព និង ភាពទាន់ពេលវេលានៃការអនុវត្តគម្រោងដ៏មានសារសំខាន់នេះ ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា ប្រព័ន្ធ FMIS, តាមរយៈបណ្ដាញតភ្ជាប់ដែលមានវិសាលភាពគ្របដណ្ដប់ដ៏ធំនេះ, បានចូលរួមចំណែកយ៉ាងខ្លាំងលើយុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងការទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ-១៩) តាមរយៈការបន្តនីរន្តរភាពការងាររបស់ខ្លួនជាប្រក្រតី និង កាន់តែមមាញឹកជាងពេលណាៗទាំងអស់លើការងារប្រចាំថ្ងៃ ។ ជាក់ស្ដែង បណ្ដាញអ៊ីនត្រាណិតនេះបានក្លាយជាឆ្នឹងខ្នងសម្រាប់បណ្ដាញ Video Conference ដែលបានដាក់ឱ្យដំណើរការសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នទាំងអស់ ដែលជាការដ្ឋាននៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥ បានទទួលការឯកភាពជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដោយនៅក្នុងផែនការជំហានទី៣ នេះ មានគោលបំណងធំៗចំនួន ២ គឺ ៖ ១. ពង្រឹងការប្រើប្រាស់ប្រព័ន្ធ និង ប្រព័ន្ធផ្ទាល់ (រួមមាន ការអនុវត្តផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS, ការពង្រឹងប្រព័ន្ធសុវត្ថិភាព និង សមត្ថភាព របស់មជ្ឈមណ្ឌលទិន្នន័យ និង ការអភិវឌ្ឍរបាយការណ៍ និង ពង្រឹងគុណភាពនៃរបាយការណ៍), ទី២. ពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS (រួមមាន ពង្រីកការដ្ឋានបន្ថែមថ្មី មានចំនួនសរុបប្រមាណជា ១៣៨ ការដ្ឋាន ដោយមិនទាន់បូកបញ្ចូលការបន្ថែមគ្រឹះស្ថានសាធារណៈចំនួន ៣០ ការដ្ឋាន នាពេលបច្ចុប្បន្ន”, ការអនុវត្តមុខងារពីរថ្មី រួមមានមុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ ទៅកាន់ការដ្ឋានដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ស្រាប់, អភិវឌ្ឍមុខងារថ្មី២បន្ថែម មុខងារគ្រប់គ្រងសន្និធិ និង មុខងារគ្រប់គ្រងទ្រព្យសម្បត្តិ, និង សន្ទានកម្មជាមួយនឹងប្រព័ន្ធខាងក្រៅ) ៕