Comment are off
កិច្ចត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីរយៈពេល ០៩ ខែ និងប៉ាន់ស្មានការអនុវត្តថវិកា ៣ ខែ ចុងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធីរយៈពេល ០៩ ខែ និងប៉ាន់ស្មានការអនុវត្តថវិកា ៣ ខែ ចុងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ និងដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំត្រូវបានរៀបចំឡើងស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងគោលបំណងចំនួន ៣ គឺ ១. បទបង្ហាញអំពីរបាយការណ៍សង្ខេបស្ដីពីការត្រួតពិនិត្យការអនុវត្តថវិកា ៩ ខែ និងប៉ាន់់ស្មានការអនុវត្តចំណូល-ចំណាយ ៣ ខែ ចុងឆ្នាំ ២០២០, ២. ពិនិត្យស្ថានភាពឥណទាន សម្រាប់ធ្វើចលនាឥណទានតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធី និង ៣. ត្រៀមរៀបចំរបាយការណ៍ និងសមិទ្ធកម្មប្រចាំឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនេះដែរ បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់, ឯកឧត្តមអគ្គលេខាធិការ ក៏បានចែកជូននូវប័ណ្ណសរសើរជូនដល់ លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលមានស្នាដៃក្នុងការចូលរួមចំណែករៀបចំចងក្រងសៀវភៅមគ្គុទេសក៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ឆ្នាំ ២០១៩ ដែលបានបោះពុម្ពចែកជូនដល់ថ្នាក់ដឹកនាំ និងគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រើប្រាស់ជាប្រយោជន៍ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់រាជធានី-ខេត្តទាំង ២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា។