កិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME)នៅកម្ពុជា
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យពិភាក្សាលើគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។ កិច្ចប្រជុំនេះ មានការរៀបចំបទបង្ហាញពីតំណាងអគ្គនាយកដ្ឋានពន្ធដារ ហើយអង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្រាប់សិក្សាស្រាវជ្រាវ និងតាក់តែងគោលនយោបាយលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូចនិងមធ្យម របស់អគ្គនាយកដ្ឋានពន្ធដារ។ទន្ទឹមនេះ គោលនយោបាយលើកទឹកចិត្តនេះ អាចជំរុញឱ្យមានការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត, អាចកាត់បន្ថយបន្ទុករដ្ឋបាលលើការធ្វើសវនកម្ម ហើយក៏បានបង្ហាញឱ្យឃើញពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត និងផ្តល់អត្ថប្រយោជន៍នានា សម្រាប់ SMEs ទាំងឡាយ ដើម្បីជំរុញឱ្យមានកំណើនដោយស្របច្បាប់លើវិស័យនេះ នៅកម្ពុជា។ លើសពីនេះទៀត ការបង្កើតគោលនយោបាយនេះឡើង មិនមែនគ្រាន់តែដើម្បីបង្កើនចំណូលពន្ធនោះទេ តែជាការចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូល ប្រកបដោយបរិយាប័ន្ន។