Comment are off
កិច្ចប្រជុំពិភាក្សាលើការលើកទឹកចិត្តវិនិយោគ សម្រាប់រៀបចំអនុក្រឹត្យ
នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការលើកទឹកចិត្តវិនិយោគ សម្រាប់រៀបចំអនុក្រឹត្យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យពិភាក្សាប្រមូលធាតុចូលពាក់ព័ន្ធនឹងការលើកទឹកចិត្តវិនិយោគ ក៏ដូចជាដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីត្រៀមរៀបចំអនុក្រឹត្យលើកទឹកចិត្តគម្រោងវិនិយោគទៅតាមវិស័យ/សកម្មភាពនានា ដើម្បីទាក់ទាញ និង ជំរុញការវិនិយោគទាំងវិនិយោគិនសញ្ជាតិខ្មែរ និង បរទេស នៅព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និង បានពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងស្មារតីរួមចំណែកបង្កើតនូវក្របខណ្ឌគតិយុត្តដែលមានលក្ខណៈបើកចំហ កាន់តែមានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ និង ធានាបាននូវប្រសិទ្ធភាពការងារ ។