កិច្ចប្រជុំពិភាក្សាលើការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយរបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដែលជាអង្គភាពកំណត់នីតិវិធី និងអនុវត្តចំណាយ ព្រមទាំងមន្ត្រីជំនាញនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានជាច្រើនរូបទៀត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីឱ្យការរៀបចំធ្វើវិចារណកម្មចំណាយ និងការកែសម្រួលតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទានឆ្នាំ២០២០ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យកាន់តែមានភាពរលូន ច្បាស់លាស់ និងសុក្រឹត ស្របតាមសារាចរណែនាំលេខ០០៣ សហវ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយលើកទី២ សម្រាប់ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។