កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២១-២០២៣ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១
នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២១-២០២៣ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដោយមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងអង្គភាព និងក្រុមការងារថវិកានៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយ ជំរុញ និងធានាបាននូវការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២១ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដាក់ចេញនូវការងារធ្វើបន្តជូនអង្គភាពថវិកាដើម្បីធានាបាននូវភាពទាន់ពេលវេលានៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។