ពិធីប្រគល់-ទទួលម៉ាសចំនួន ៤០,០០០ សន្លឹក ដែលជាអំណោយរបស់លោក Yuya YAO នាយកប្រតិបត្តិក្រុមហ៊ុនហួវៃថេកណឡជី (ខេមបូឌា)
នារសៀលថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលម៉ាសចំនួន ៤០,០០០ សន្លឹក ដែលជាអំណោយរបស់លោក Yuya YAO នាយកប្រតិបត្តិក្រុមហ៊ុនហួវៃថេកណឡជី (ខេមបូឌា) សម្រាប់ប្រគល់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ ១៩ (COVID-19)។
នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកាយវិការសប្បុរសធម៌ និងមនុស្សធម៌របស់លោក Yuya YAO នាយកប្រតិបត្តិក្រុមហ៊ុនហួវៃថេកណឡជី (ខេមបូឌា) ដែលបានបង្ហាញឱ្យឃើញពីការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់ក្រុមហ៊ុន ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ ជំងឺដ៏កាចសាហាវនេះឱ្យអស់ពីព្រះរាជាណាចក្រកម្ពុជា។