កិច្ចប្រជុំស្ដីពីដំណើរការចុះបេសកកម្មរបស់អ្នកជំនាញការនៃសភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងការវិភាគពីសមានគតិភាពរវាងផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធី
នារសៀលថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីដំណើរការចុះបេសកកម្មរបស់អ្នកជំនាញការនៃសភាពអឺរ៉ុប (EU) ពាក់ព័ន្ធនឹងការវិភាគពីសមានគតិភាពរវាងផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធី ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងត្រៀមសម្របសម្រួលដល់អ្នកជំនាញការ EU បានបំពេញបេសកកម្មដោយរលូន និងជោគជ័យតាមការគ្រោងទុក ក្នុងការផ្ដល់ជំនួយបច្ចេកទេសលើការពិនិត្យ និងវិភាគសមានគតិភាពរវាងផែនការយុទ្ធសាស្ត្រថវិកា និងការអនុវត្តថវិកាកម្មវិធី នៃក្រសួង-ស្ថាប័នចំនួន ៨ ដែលក្នុងនោះក៏មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។