កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើផែនការក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ ២០២០
នារសៀលថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកលើកិច្ចការងារបុគ្គលិករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យពិភាក្សាលើផែនការក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ឆ្នាំ ២០២០ ដោយមានការចូលរួមពីតំណាងនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលម្អិតលើផែនការក្របខណ្ឌមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាឆ្នាំ ២០២០ របស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីឱ្យស្របតាមកូតាដែលក្រសួងមុខងារសាធារណៈបានផ្ដល់ជូន និងបានឆ្លើយតបខ្ពស់ប្រកបដោយតម្លាភាពតាមតម្រូវការធនធានមនុស្សបម្រើការជាក់ស្ដែងនៅតាមគ្រប់អង្គភាពក្រោមឱវាទក្រសួង សំដៅធានាឱ្យបាននូវនិរន្តរភាពការងារប្រកបដោយប្រសិទ្ធភាព និងសមិទ្ធផលខ្ពស់ជាប្រចាំ។