ការទទួលជួបសំណេះសំណាល និងផ្តល់ការណែនាំដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១២ រូប ដែលត្រូវចុះធ្វើកម្មសិក្សារយៈពេល ៤ ខែកន្លះ នៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពមួយចំនួន ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយប្រធាននាយកដ្ឋានបុគ្គលិក និងសហការីពាក់ព័ន្ធ បានទទួលជួបសំណេះសំណាល និងផ្តល់ការណែនាំដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ចំនួន ១២ រូប ដែលត្រូវចុះធ្វើកម្មសិក្សារយៈពេល ៤ ខែកន្លះ នៅតាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពមួយចំនួន ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការជួបសំណេះសំណាលនេះ មានគោលបំណងសម្របសម្រួល និងជំរុញឱ្យដំណើរការកម្មសិក្សា ឱ្យប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងទទួលបានជោគជ័យ សំដៅចូលរួមសហការគាំទ្រដល់សិស្សដែលនឹងបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល នាពេលខាងមុខ មានសមត្ថភាពខ្ពស់ ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ព្រមទាំងអាចយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបណ្តុះឆន្ទៈចូលរួមយ៉ាងពេញទំហឹងជាមួយរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មក្នុងអភិក្រមកែទម្រង់ និងអភិវឌ្ឍជាតិ។ ឆ្លៀតក្នុងឱកាសនោះ ជំនួបពិភាក្សានេះ ក៏មានគោលបំណងធ្វើការណែនាំខ្លួនឱ្យស្គាល់គ្នាទៅវិញទៅមករវាងប្រធានកម្មសិក្សា និងកម្មសិក្សាការីផងដែរ។