ពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ មានរៀបចំ “ពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស ព្រមទាំងតំណាងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង។ សិក្ខាសាលារយៈពេល ៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងតាមរយៈការសម្របសម្រួលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១. ផ្សព្វផ្សាយអំពីសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
២. ពង្រឹង និងបង្កើនសមត្ថភាពដល់គ្រប់អង្គភាពថវិកាទាំងអស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំ ផែនការសកម្មភាព និងការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងអាចវាស់វែងបាន
៣. ពិភាក្សា និងបូកសរុបលើសេចក្តីព្រាងបឋម នៃគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២០ របស់អង្គភាពថវិកានៃ កសហវ. ដើម្បីរៀបចំជាឯកសាររួមបញ្ជូនទៅអគ្គនាយកដ្ឋានថវិកា ឱ្យបានទាន់ពេល និងត្រៀមសម្រាប់កិច្ចប្រជុំចរចាថវិកាកម្រិតបច្ចេកទេស នាពេលខាងមុខ។
ជាមួយគ្នានេះ ក្នុងសិក្ខាសាលានេះ នឹងពិនិត្យលើការរៀបចំសកម្មភាព ចង្កោមសកម្មភាព អនុកម្មវិធី ជាពិសេសសូចនាករសមិទ្ធកម្មគន្លឹះ (KPI) ទៅតាមអង្គភាពថវិកានីមួយៗ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុក្រឹតភាពក្នុងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ និងប្រចាំឆ្នាំផងដែរ។