ការប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការបន្តការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ ”
ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩, នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការបន្តការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ ” បន្ទាប់ពីសម្រេចបានជោគជ័យ ក្នុងការអនុវត្តការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះក្នុងឆ្នាំ២០១៨ កន្លងមក សំដៅបង្កើនការលើកកម្ពស់សមត្ថភាពជូនសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា, លទ្ធកម្មសាធារណៈ, ហិរញ្ញវត្ថុកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ពិធីប្រកាសបើក យុទ្ធនាការបន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី Camilla Lombard តំណាងសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស ព្រមទាំងសិក្ខាកាមចូលរួមសរុបប្រមាណ ៥០០ នាក់ ។