ការទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) និងដោយមានការចូលរួមពីលោក Mark Silins និងលោក Joshi Souhas ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF
នាព្រឹកថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ លោក Holger van Eden ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) និងដោយមានការចូលរួមពីលោក Mark Silins និងលោក Joshi Souhas ជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមទាំងតំណាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងសហការីនៃក្រុមការងារ FMIS។ កិច្ចប្រជុំនេះ មានគោលបំណងជួបសម្តែងការគួរសម និងការបង្ហាញខ្លួនរបស់ លោក Joshi Souhas ដែលត្រូវមកបំពេញតួនាទីជាទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកផ្នែកកិច្ចការរតនាគារនៃ IMF ប្រចាំកម្ពុជា, ការបង្ហាញអំពីលទ្ធផលនៃបេសកកម្មការងារ និងពិភាក្សាលើសកម្មភាពការងារសម្រាប់ជំហានបន្ទាប់ ដោយផ្តោតសំខាន់លើ ការសម្រួលដល់កិច្ចដំណើការធុរកិច្ច ដើម្បីឆ្ពោះទៅរកគំរូនៃការអនុវត្តកាន់តែល្អប្រសើរ, បន្តពង្រឹងការរៀបចំរបាយការណ៍គណនេយ្យ និងការទទួលស្គាល់ប្រតិបត្តិការរវាង សាច់ប្រាក់ និងមិនមែនសាច់ប្រាក់, បន្តពិនិត្យ និងកែលម្អទៅលើការធ្វើចំណាត់ថ្នាក់ថវិកា ជាពិសេសការកែលម្អចំណាត់ថ្នាក់សេដ្ឋកិច្ច ចំណាត់ថ្នាក់រដ្ឋបាលឡើងវិញ ឱ្យបានត្រឹមត្រូវ, បន្តកិច្ចការពាក់ព័ន្ធការរាយការណ៍មូលដ្ឋានសាច់ប្រាក់ តាមស្តង់ដារ IPSAS ព្រមទាំងផ្តល់អនុសាសន៍លើការដាក់បញ្ចូលការចំណាយវិនិយោគពីចំណុចចាប់ផ្តើមរហូតដល់ពេលបញ្ចប់ក្នុងប្រតិបត្តិការប្រព័ន្ធ FMIS។