ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី”
ព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានរៀបចំប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាល ផ.ម.ក. និង លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, ឯកឧត្តមអគ្គនាយកនៃ ផ.ម.ក., លោកប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី, លោកអគ្គនាយកនៃក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី និង សមាជិកដែលមានការពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី។ សូមគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អិល អូ អិល ស៊ី គឺជាក្រុមហ៊ុនទី២ ដែលបានមកចុះបញ្ជីលក់មូលបត្របំណុល និង ជាក្រុមហ៊ុនទី៧ ដែលចុះបញ្ជីលក់មូលបត្រ នៅ ផ.ម.ក. ។ លទ្ធផលនេះ បង្ហាញឱ្យឃើញថា ផ.ម.ក. ពិតជាបានបង្កើតនូវបរិយាកាសអំណោយផលសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់ និងបានប្រែក្លាយទីផ្សារមូលបត្រកម្ពុជាទៅជាច្រកហិរញ្ញប្បទានចម្បងមួយសម្រាប់បណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ និង សហគ្រាស ដែលត្រូវការមូលធនបន្ថែម ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះ ផ.ម.ក.ដែលកសាងបាននូវយន្តការមុតមាំសម្រាប់ ផ្សារភ្ជាប់គ្នារវាងអង្គភាពបោះផ្សារមូលបត្រ និង វិនិយោគិន ពិសេសបង្កភាពជឿទុកចិត្តខ្ពស់ដល់វិនិយោគិនលើអង្គភាពបោះផ្សាយមូលបត្រ។