ផ្សារមូលបត្រកម្ពុជាបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0
ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ចុង យុនហ្គីល ប្រធានតំណាងនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និង ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនជាតិ អន្តរជាតិ និង វិនិយោគិនស្ថាប័នជាច្រើនផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោលបំណងបន្តផ្សព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី, ផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពីចម្ងល់មកលើទីផ្សារទាំងមូល, ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure ។