ការទទួលជួបលោកស្រី Flynn Ong នាយករង Civil Service College International (CSC) នៃប្រទេសសឹង្ហបុរី
នៅថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១០:០០ នាទីព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបលោកស្រី Flynn Ong នាយករង Civil Service College International (CSC) នៃប្រទេសសឹង្ហបុរី ដើម្បីពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (EFI) នៃក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ Civil Service College ក្នុងការកសាង និង អភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានលើកឡើងនូវភាពចាំបាច់ក្នុងការអភិវឌ្ឍសមត្ថភាពស្ថាប័នរបស់ EFI ដែលត្រូវចូលរួមសកម្មក្នុងការងារបណ្តុះបណ្តាលសម្រាប់គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ពិសេសផ្តោតលើ: (១). វគ្គបណ្តុះបណ្តាលគ្រូបង្គោល (TOT) និង ការកែលម្អកម្មវិធីសិក្សាជំនាញគោលដៅថវិកា និង (២). ការរៀបចំវគ្គបណ្តុះបណ្តាលរួមគ្នាលើជំនាញមួយចំនួនដល់សិក្ខាកាមគោលដៅ ។ លោកស្រី Flynn Ong បានសំដែងនូវក្តីរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះ ហើយកម្មវិធីដែលនឹងបង្កើតឡើងរួមគ្នានេះ ក៏នឹងមានការគាំទ្រពី Temasek Foundation International (TFI) ដែលការងារនេះបានពិភាក្សាគ្នារួចហើយ ។ ជាលទ្ធផលក្នុងកិច្ចជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានណែនាំឱ្យ EFI បន្តធ្វើការងារលើកម្មវិធីបចេ្ចកទេស ជាមួយ CSC និង បន្តឆ្ពោះទៅរកការបង្កើតកម្មវិធីមួយច្បាស់លាស់ ធានាឱ្យមានភាពរលូន និង កិច្ចសហការគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅការគាំទ្រដល់ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ។