កិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តកិច្ចការគ្រប់គ្រង ថែរក្សាឯកសារ និងបណ្ណសាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តកិច្ចការគ្រប់គ្រង ថែរក្សាឯកសារ និងបណ្ណសាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់តំណាងអគ្គនាយកដ្ឋាន និងអង្គភាព ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំសេចក្តីណែនាំផ្ទៃក្នុងក្រសួងនេះ មានគោលបំណងធានា និងពង្រឹងកិច្ចការប់គ្រង រក្សាទុក និងតម្កល់ឯកសារ ក៏ដូចជាអភិវឌ្ឍមូលធនឯកសាររបស់ក្រសួង ឱ្យប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមច្បាប់ស្តីពីបណ្ណសារ និងសារាចរស្តីពីការរៀបចំតម្កល់ឯកសារជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទន្ទឹមនេះ ស្ថិតក្នុងបរិបទ នៃការផ្លាស់ប្តូរស្ថានភាពសង្គម-សេដ្ឋកិច្ចសកលោក ដោយសារនវានុវត្តនបច្ចេកវិទ្យា, ក្សសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងរៀបចំខ្លួនដើម្បីចាប់យកនូវកាលានុវត្តភាពថ្មីៗ រួមទាំងគិតគូរទប់ស្កាត់នូវរាល់បញ្ហាប្រឈមនានា ដែលនាំឱ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍស្ថាប័ន ដែលក្នុងន័យនេះ ការរៀបចំបណ្ណសារអេឡិចត្រូនិករបស់ក្រសួង ឬ ការគ្រប់គ្រងទិន្នន័យឯកសារតាមប្រព័ន្ធព័ត៌មានវិទ្យា គឺជាផ្នែកមួយសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសមត្ថភាពស្ថាប័នផងដែរ។