កិច្ចប្រជុំពិនិត្យពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស
នារសៀលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធការអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យពិភាក្សានិងដោះស្រាយបញ្ហាសេសសល់ដែលតំណាងមន្ទីរ សហវ. រាជធានី-ខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារមន្ទីរ សហវ ប្រចាំឆ្នាំ២០១៨ និងកំណត់ទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ ជាលទ្ធផលអង្គប្រជុំបានសម្រេចកំណត់យន្តការដោះស្រាយជាក់លាក់លើកិច្ចប្រឈមមួយចំនួន ដូចជា នីតិវិធី នៃការអនុវត្តថវិកា, ការអនុវត្តកិច្ចលទ្ធកម្ម,ការប្រមូលចំណូលសាធារណៈ និងការអនុវត្តថវិកាក្នុងប្រព័ន្ធ FMIS ។ ដោយឡែក បញ្ហាពាក់ព័ន្ធនឹងការវិភាជន៍ថវិកាប្រចាំឆ្នាំ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក នឹងត្រូវប្រជុំដោះស្រាយក្នុងកិច្ចប្រជុំដោយឡែកមួយទៀត នាពេលដ៏ខ្លីខាងមុខ។