កិច្ចផ្សព្វផ្សាយគោលនយោបាយអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម និងចែករំលែកចំណេះដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ព្រមទាំងចែកប័ណ្ណសមាជិក ប.ស.ស. ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងនិវត្តជនចំនួន ៥៨០៧ នាក់
នាព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំផ្សព្វផ្សាយគោលនយោបាយអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម និងចែករំលែកចំណេះដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. ព្រមទាំងចែកប័ណ្ណសមាជិក ប.ស.ស. ជូនមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងនិវត្តជនចំនួន ៥៨០៧ នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមនាយករងបេឡាជាតិរបបសន្តិសុខសង្គម, ឯកឧត្តមអគ្គលេខាធិការក្រសួង និងតំណាងពីគ្រប់អគ្គនាយកដ្ឋាននិងអង្គភាព ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និងបង្ហាញនូវការសាទរចំពោះបេឡាជាតិរបបសន្តិសុខសង្គម ដែលបានអនុវត្តតួនាទីភារកិច្ចប្រកបដោយជោគជ័យ ក្នុងនាមប្រតិបត្តិករ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាណាព្យាបាលបច្ចេកទេសពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការផលិតបានប័ណ្ណសមាជិក ប.ស.ស ដើម្បីចែកជូនដល់មន្រ្តីសាធារណៈនៅតាមក្រសួង-ស្ថាប័ន និងអង្គភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ជាអាទិភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យសង្គមកិច្ច និងប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា។