កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៨ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ នៅទូទាំងប្រទេស
នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ានសាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៨ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ នៅទូទាំងប្រទេស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអគ្គលេខាធិការក្រសួង, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលមានការពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពិនិត្យនូវវឌ្ឍនភាពការងាររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអង្គភាពបំពេញមុខងារជាតំណាងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារសម្របសម្រួលអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួង ព្រមទាំងអនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងគិតគូរដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងកំណត់ទិសដៅបន្តសម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៩ នេះ។ ជាក់ស្តែង ក្រោយពីបានស្តាប់ការលើកឡើងរបស់តំណាងមន្ទីរចំពោះការអនុវត្តការងារនាពេលកន្លងមក, មន្ទីរបានជួបប្រទះនូវបញ្ហាមួយចំនួន ដែលមិនអាចដោះស្រាយបានក្នុងកម្រិតថ្នាក់មូលដ្ឋាន និងទាមទារឱ្យមានការសម្របសម្រួលពីថ្នាក់កណ្តាល ដើម្បីប្រជុំពិភាក្សាដោះស្រាយក្នុងកម្រិតអន្តរអគ្គនាយកដ្ឋានបន្តទៀត។