សិក្ខាសាលា ស្តីពីការត្រៀមរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២០ -២០២២ ដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប, ថ្ងៃទី ០១ – ០៣ ខែ មេសា ឆ្នាំ ២០១៩
អគ្គលេខាធិការដ្ឋានក្រសួង ក្នុងនាមជាអង្គភាពថវិកាកម្រិតបច្ចេកទេស និងជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលរៀបចំសិក្ខាសាលា ស្តីពីការត្រៀមរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២០ -២០២២ ដោយមានការចូលរួមពីក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបសមាសភាពចូលរួមប្រមាណ ២០០ នាក់។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៤ ដូចតទៅ៖
១. បង្ហាញអំពីផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០១៩-២០២១ និងកញ្ចប់ថវិកាឆ្នាំ ២០១៩ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំនៅឆ្នាំបន្ទាប់។
២. ពង្រឹងនិងបង្កើនសមត្ថភាពដល់គ្រប់អង្គភាពថវិកាទាំងអស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំផែនការសកម្មភាព និងការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានសង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងអាចវាស់វែងបាន។
៣. ពិភាក្សា និងបូកសរុបលើសេចក្តីព្រាងបឋម នៃផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២០-២០២២ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
៤. បង្ហាញពីការអនុវត្តការងារក្នុងស្មារតីបុរេសកម្មរបស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាក្រុមការងារថវិកាកម្រិតបច្ចេកទេស ក្នុងការត្រៀមលក្ខណៈជាស្រេច ដើម្បីអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។