ពិធីប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់កន្លែងលក់ដូរ និងតូប ជូនដល់អាជីវករផ្សារព្រែកតាមាក់
នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ សហការដោយលោកអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងលោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល បានជួបសំណេះសំណាល និងប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់កន្លែងលក់ដូរ និងតូប ចំនួន ២៨១ តូប ជូនដល់អាជីវករផ្សារព្រែកតាមាក់ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សា ប្រធានការិយាល័យជំនាញជុំវិញស្រុក និងក្រុមប្រឹក្សាឃុំព្រែកតាមាក់។ លទ្ធផលនៃការដោះស្រាយ សម្របសម្រួល និងគាំទ្រ រហូតឈានដល់ការរៀបចំរួចរាល់ទាំងស្រុងនូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងអាជ្ញាធរមានសមត្ថកិច្ច ក្រោមកិច្ចសហការគាំទ្ររបស់អាជីវករផ្សារ ដើម្បីពង្រឹងយន្តការ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការគ្រប់គ្រងផ្សារ សំដៅផ្តល់ជូនអាជីវករនូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល លើតូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងអាចផ្ទេរសិទ្ធិទាំងនេះ ជូនទៅកូន ឬ អ្នកដទៃបាន ក្នុងគោលបំណងជំរុញការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន។