ពិធីបុណ្យឆ្លងនិងសម្ពោធសាលាពុទ្ធិបឋមសិក្សាសទ្ធារាម (សាលាបាលី) ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តសុវណ្ណវតី
នាព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ នៅវត្តសុវណ្ណវតី ឃុំព្រែកតាមាក់, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ព្រមទាំងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងនិងសម្ពោធសាលាពុទ្ធិបឋមសិក្សាសទ្ធារាម (សាលាបាលី) ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តសុវណ្ណវតី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងសហការី, ក្រុមប្រឹក្សាឃុំព្រែកតាមាក់, ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ ៤៥០ នាក់ផងដែរ។ សាលាពុទ្ធិបឋមសិក្សាសទ្ធារាមនេះ គឺត្រូវបានសាងសង់ឡើងរួចរាល់ តាមរយៈការប្រមូលវិភាគទានដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដើម្បីជាកន្លែងសម្រាប់បណ្ដុះចំណេះដឹងលើផ្នែកពុទ្ធិចក្រ តាមរយៈការបង្រៀនរាល់ពុទ្ធោវាទទាំងឡាយរបស់ព្រះពុទ្ធសមណគោត្តមនៃយើងដល់សាមណេរដែលមករៀនព្រះធម៌នៅទីនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម និងសហការី ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ព្រះចៅអធិការវត្ត សម្រាប់ជាវិភាគទានក្នុងការកសាងវត្ត ក៏ដូចជាដើម្បីជាការចូលរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ។