ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះសួរសុខទុក្ខនិងចែកអំណោយដល់កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥
នាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩នៅតំបន់មុំបី ខេត្តព្រះវិហារ, ឯកឧត្តមអគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូក្រសួង ដើម្បីចុះសួរសុខទុក្ខ និងចែកអំណោយ រួមមាន ថវិកា សម្ភារៈ បរិក្ខារ និងគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនដល់កងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនាឆ្នាំនេះ។ នេះជាការចុះសួរសុខទុក្ខលើកទី ៣ ក្នុងឆ្នាំ២០១៩ នេះ ហើយកិច្ចការនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព ប្រកបដោយទឹកចិត្តស្មោះស និងបរិសុទ្ធ ដែលស្តែងចេញតាមរយៈការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅលើសុខទុក្ខរបស់កងការពារព្រំដែន ដែលបាននិងកំពុងខិតខំប្រឈមនៅជួរមុខ សំដៅថែរក្សា និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរ-ភាព និងសន្តិសុខជាតិយ៉ាងរឹងមាំ មិនឱ្យកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើយ។