ប្រជុំពិភាក្សាស្ដីពីការត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការងារអនុវត្តប្រចាំខែកក្កដា ទាំងការងារកែទម្រង់ និងការងារប្រចាំថ្ងៃ របស់នាយកដ្ឋានព័ត៌មានវិទ្យា
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយនាយកដ្ឋានព័ត៌មានវិទ្យា ដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកក្កដា ឆ្នាំ២០១៦ ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់។ កិច្ចប្រជុំបានដំណើរការទៅដោយ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់មតិយោបល់ជូននាយកដ្ឋាន ដើម្បីគិតគូរលើការរៀបចំការងារអាទិភាពមួយចំនួន រួមមាន៖ ការរៀបចំចក្ខុវិស័យបច្ចេកវិទ្យាព័ត៌មានបម្រើជូនក្រសួង, ការរៀបចំប្រព័ន្ធ ICT ក្នុងការគ្រប់គ្រងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ផ្ទៃក្នុងក្រសួង, ការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងឯកសាររួម និងការគាំទ្រនានា ដើម្បីសម្រេចឱ្យបានតាមផែនការដែលនាយកដ្ឋានបានដាក់ចេញ ក្នុងគោលដៅប្រែមុខមាត់ផ្នែកបច្ចេកវិទ្យានៃក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ឱ្យកាន់តែល្អប្រសើរឡើង។