កិច្ចប្រជុំស្តីពី “វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩”
នាព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង និងសមាជិកសមាជិការបស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ទាំងអស់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រីកការដាក់ឱ្យអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នដែលមិនទាន់អនុវត្ត រួមទាំងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នបន្ថែមថ្មីចំនួន ១០ សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៩ ក្នុងនោះរួមមាន៖ ១. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងសាធារណការនិងដឹកជញ្ជូន,៣. ក្រសួងអភិវឌ្ឍជនបទ, ៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ៥. ក្រសួងទេសចរណ៍, ៦. ក្រសួងពាណិជ្ជកម្ម, ៧. ក្រសួងធនធានទឹក និងឧតុនិយម, ៨. ក្រសួងព័ត៌មាន, ៩. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ១០. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ រួមទាំង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ៨ ទៀត។ កិច្ចប្រជុំនេះ បានពិភាក្សាពិគ្រោះយោបល់ និងផ្តល់ជាធាតុចូលសំខាន់ៗគាំទ្រដល់ការអនុវត្តការងារ FMIS សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីមានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងផែនការសម្រាប់ឆ្នាំ ២០១៩ ដែលធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារ ជូនថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារ ដើម្បីឱ្យដឹងច្បាស់ពីវឌ្ឍនភាព និងសកម្មភាពគន្លឹះៗដែលត្រូវបន្តអនុវត្តសម្រាប់ឆ្នាំ ២០១៩ បន្ទាប់ពីក្រុមការងារ, បណ្តាអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះ និងក្រសួង-ស្ថាប័ន បានសហការអនុវត្តការងារយ៉ាងជិតស្និទ្ធ សំដៅសម្រេចឱ្យបានតាមផែនការសកម្មភាពដែលបានដាក់ចេញក្នុងឆ្នាំ២០១៨ កន្លងទៅ។